ម៉ាថាយ 27:11-23

ម៉ាថាយ 27:11-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នេះ ព្រះ‌យេស៊ូវ​ឈរ​នៅ​មុខ​លោក​ទេសា‌ភិបាល ហើយ​លោក​ទេសា‌ភិបាល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​ចោទ​ប្រកាន់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​អ្វី​សោះ។ ពេល​នោះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?» ព្រះ‌យេស៊ូវ​ពុំ​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ទេសា‌ភិបាល​ឆ្ងល់​ជា​ខ្លាំង។ នៅ​ឱកាស​បុណ្យ​នោះ លោក​ទេសា‌ភិបាល​តែង​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម‌ពរ​របស់​បណ្ដា‌ជន។ នៅ​ពេល​នោះ គេ​មាន​អ្នក​ទោស​ល្បី​ម្នាក់ ឈ្មោះ​បារ៉ាបាស។ ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?» ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។ តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​មហា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស ហើយ​សម្លាប់​ព្រះ‌យេស៊ូវ។ លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។ លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ា‌បាស។ កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រិស្ត?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។ នៅ​ពេល​លោក​ពីឡាត​អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់‌មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ*​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន​ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។ លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រិស្ត​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:11-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ តែ​កាល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​បន្ទូល​ឆ្លើយ​សោះ លោក​ពីឡាត់​ក៏​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ​អី តែ​ព្រះ‌យេស៊ូវ ទ្រង់​មិន​មាន​បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់។ ឯ​នៅ​បុណ្យ​នោះ លោក​ចៅហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ា‌បាស ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ា‌បាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ‌គ្រីស្ទ ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ តែ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ា‌បាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ‌យេស៊ូវ​បង់ នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ នោះ​លោក​ចៅហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

ចែក​រំលែក
អាន ម៉ាថាយ 27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ