នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។ ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?» ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។ ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?» ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។ តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!» លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។
អាន ម៉ាថាយ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 27:11-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ