ម៉ាថាយ 25:1-30

ម៉ាថាយ 25:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។ ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។ ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។ ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​អុជ​ចង្កៀង។ ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។ ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។ នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថា: “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!”។ ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា: “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។ គាត់​ប្រគល់​ប្រាក់​ឲ្យ​អ្នក​បម្រើ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន គឺ​ឲ្យ​ប្រាំ​ណែន ទៅ​អ្នក​ទី​មួយ ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។ អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។ អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។ រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន​បាន​ចេញ​ទៅ​ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។ លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។ អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។ ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់​ទាំង​ដើម ទាំង​ការ!។ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្រី្ត​ព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន ចេញ​ទៅ​ទទួល​កូន​កំលោះ។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត ដ្បិត​ពេល​ស្ត្រី​ល្ងង់​យក​ចង្កៀង​ទៅ ពួក​នាង​មិន​បាន​យក​ប្រេង​ទៅ​ជាប់​ជា​មួយ​ទេ តែ​ស្ត្រី​មាន​គំនិត​វិញ ពួក​នាង​បាន​យក​ចង្កៀង មាន​ទាំង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ។ ពេល​កូន​កំលោះ​ក្រ​មក​ដល់ ពួក​នាង​ទាំង​នោះ​ក៏​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ។ លុះ​ដល់​កណ្តាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា "មើល៍ កូន​កំលោះ​មក​ហើយ! ចូរ​ចេញ​ទៅ​ទទួល​លោក!" ស្រី្ត​ព្រហ្មចារី​ទាំង​នោះ​ក៏​ភ្ញាក់​ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន។ ស្ត្រី​ល្ងង់​និយាយ​ទៅ​ស្ត្រី​មាន​គំនិត​ថា "សូម​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ" តែ​ស្ត្រី​មាន​គំនិត​ឆ្លើយ​ថា "ទេ ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​យើង និង​សម្រាប់​ពួក​នាង​ទេ ចូរ​ពួក​នាង​ទៅ​រក​ផ្ទះ​លក់​ប្រេង ហើយ​ទិញ​សម្រាប់​ខ្លួន​ឯង​វិញ​ទៅ"។ កាល​ពួក​នាង​ទាំង​នោះ​កំពុង​ទៅ​ទិញ​ប្រេង កូន​កំលោះ​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជា​មួយ​កូន​កំលោះ រួច​គេ​បិទ​ទ្វារ​ជិត។ ក្រោយ​មក នាង​ព្រហ្មចារី​ឯ​ទៀត​ក៏​មក​ដល់​ដែរ ហើយ​ស្រែក​ថា "លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!" តែ​លោក​ឆ្លើយ​ថា "ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ"។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ណា ឬ​ពេល​ណា [ដែល​កូន​មនុស្ស​មក​ដល់] ឡើយ»។ «ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។ គាត់​ឲ្យ​ទៅ​ម្នាក់​ប្រាំ​ពាន់ ម្នាក់​ទៀត​ពីរ​ពាន់ ហើយ​ម្នាក់​ទៀត​មួយ​ពាន់ គឺ​ឲ្យ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​របស់​គេ​រៀងៗ​ខ្លួន រួច​គាត់​ក៏​ចេញ​ទៅ។ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ពាន់​ទៀត។ អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់​ក៏​ដូច្នោះ​ដែរ គឺ​ចំណេញ​បាន​ពីរ​ពាន់​ទៀត។ ប៉ុន្តែ អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ គាត់​ចេញ​ទៅ ហើយ​ជីក​ដី​កប់​ប្រាក់​ចៅហ្វាយ​របស់​ខ្លួន​ទុក។ លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក ចៅហ្វាយ​របស់​អ្នក​បម្រើ​ទាំង​នោះ​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​ពួក​គេ។ ពេល​នោះ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាំ​ពាន់​ទៀត​ចូល​មក ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ពាន់​ទៀត"។ ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ពីរ​ពាន់​ទៀត"។ ចៅហ្វាយ​របស់​គាត់ ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ ដូច្នេះ ខ្ញុំ​ខ្លាច ហើយ​យក​ប្រាក់​របស់​លោក​ទៅ​កប់​ទុក​ក្នុង​ដី មើល៍ សូម​លោក​យក​ប្រាក់​របស់​លោក​វិញ​ចុះ"។ ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ នោះ​អ្នក​គួរ​តែ​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ ហើយ​ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​បាន​ទទួល​ប្រាក់​របស់​ខ្ញុំ ទាំង​ដើម​ទាំង​ការ។ ដូច្នេះ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​មួយ​ម៉ឺន​វិញ។ ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ចំណែក​ឯ​អ្នក​បម្រើ​ឥត​ប្រយោជន៍​នេះ ចូរ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ"»។

ចែក​រំលែក
អាន ម៉ាថាយ 25

ម៉ាថាយ 25:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់ នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី​ដែល​អ្នក​នោះ​មាន​ផង ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ចែក​រំលែក
អាន ម៉ាថាយ 25