ម៉ាថាយ 25

25
រឿង​ប្រៀប​ធៀប​អំពី​ស្ដ្រី​ព្រហ្មចារី​ដប់​នាក់
1«ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្រី្ត​ព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន ចេញ​ទៅ​ទទួល​កូន​កំលោះ។ 2ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត 3ដ្បិត​ពេល​ស្ត្រី​ល្ងង់​យក​ចង្កៀង​ទៅ ពួក​នាង​មិន​បាន​យក​ប្រេង​ទៅ​ជាប់​ជា​មួយ​ទេ 4តែ​ស្ត្រី​មាន​គំនិត​វិញ ពួក​នាង​បាន​យក​ចង្កៀង មាន​ទាំង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ។ 5ពេល​កូន​កំលោះ​ក្រ​មក​ដល់ ពួក​នាង​ទាំង​នោះ​ក៏​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ។ 6លុះ​ដល់​កណ្តាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា "មើល៍ កូន​កំលោះ​មក​ហើយ! ចូរ​ចេញ​ទៅ​ទទួល​លោក!" 7ស្រី្ត​ព្រហ្មចារី​ទាំង​នោះ​ក៏​ភ្ញាក់​ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន។ 8ស្ត្រី​ល្ងង់​និយាយ​ទៅ​ស្ត្រី​មាន​គំនិត​ថា "សូម​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ" 9តែ​ស្ត្រី​មាន​គំនិត​ឆ្លើយ​ថា "ទេ ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​យើង និង​សម្រាប់​ពួក​នាង​ទេ ចូរ​ពួក​នាង​ទៅ​រក​ផ្ទះ​លក់​ប្រេង ហើយ​ទិញ​សម្រាប់​ខ្លួន​ឯង​វិញ​ទៅ"។ 10កាល​ពួក​នាង​ទាំង​នោះ​កំពុង​ទៅ​ទិញ​ប្រេង កូន​កំលោះ​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជា​មួយ​កូន​កំលោះ រួច​គេ​បិទ​ទ្វារ​ជិត។ 11ក្រោយ​មក នាង​ព្រហ្មចារី​ឯ​ទៀត​ក៏​មក​ដល់​ដែរ ហើយ​ស្រែក​ថា "លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!" 12តែ​លោក​ឆ្លើយ​ថា "ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ"។ 13ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ណា ឬ​ពេល​ណា [ដែល​កូន​មនុស្ស​មក​ដល់] ឡើយ»។
រឿង​ប្រៀប​ធៀប​អំពី​ប្រាក់
(លូកា ១៩.១១-២៧)
14«ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។ 15គាត់​ឲ្យ​ទៅ​ម្នាក់​ប្រាំ​ពាន់ ម្នាក់​ទៀត​ពីរ​ពាន់ ហើយ​ម្នាក់​ទៀត​មួយ​ពាន់ គឺ​ឲ្យ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​របស់​គេ​រៀងៗ​ខ្លួន រួច​គាត់​ក៏​ចេញ​ទៅ។ 16អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ពាន់​ទៀត។ 17អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់​ក៏​ដូច្នោះ​ដែរ គឺ​ចំណេញ​បាន​ពីរ​ពាន់​ទៀត។ 18ប៉ុន្តែ អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ គាត់​ចេញ​ទៅ ហើយ​ជីក​ដី​កប់​ប្រាក់​ចៅហ្វាយ​របស់​ខ្លួន​ទុក។ 19លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក ចៅហ្វាយ​របស់​អ្នក​បម្រើ​ទាំង​នោះ​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​ពួក​គេ។ 20ពេល​នោះ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាំ​ពាន់​ទៀត​ចូល​មក ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ពាន់​ទៀត"។ 21ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ 22អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ពីរ​ពាន់​ទៀត"។ 23ចៅហ្វាយ​របស់​គាត់ ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ 24បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ 25ដូច្នេះ ខ្ញុំ​ខ្លាច ហើយ​យក​ប្រាក់​របស់​លោក​ទៅ​កប់​ទុក​ក្នុង​ដី មើល៍ សូម​លោក​យក​ប្រាក់​របស់​លោក​វិញ​ចុះ"។ 26ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ 27នោះ​អ្នក​គួរ​តែ​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ ហើយ​ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​បាន​ទទួល​ប្រាក់​របស់​ខ្ញុំ ទាំង​ដើម​ទាំង​ការ។ 28ដូច្នេះ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​មួយ​ម៉ឺន​វិញ។ 29ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ 30ចំណែក​ឯ​អ្នក​បម្រើ​ឥត​ប្រយោជន៍​នេះ ចូរ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ"»។
ការ​ជំនុំ​ជម្រះ​អស់​ទាំង​សាសន៍
31«ពេល​កូន​មនុស្ស​មក​ក្នុង​សិរី​ល្អ​របស់​លោក ហើយ​អស់​ទាំង​ទេវតា​ក៏​មក​ជា​មួយ នោះ​លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក។ 32គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ 33លោក​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង។ 34ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា "អស់​អ្នក​ដែល​ព្រះ‌វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​ព្រះរាជ្យ ដែល​បាន​រៀបចំ​ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​មក 35ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិ‌ភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ផឹក កាល​យើង​ជា​អ្នក​ដទៃ អ្នក​រាល់​គ្នា​បាន​ទទួល​យើង 36កាល​យើង​នៅ​អាក្រាត អ្នក​រាល់​គ្នា​បាន​ឲ្យ​សម្លៀក‌បំពាក់​យើង កាល​យើង​ឈឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​គុក អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ដែរ"។ 37ពេល​នោះ ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​ថ្វាយ​អាហារ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​ថ្វាយ​ទឹក​ព្រះ‌អង្គ​សោយ​ពី​អង្កាល់? 38តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ជា​អ្នក​ដទៃ ហើយ​ទទួល​ព្រះ‌អង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះ‌អង្គ​នៅ​អាក្រាត ហើយ​ថ្វាយ​សម្លៀក‌បំពាក់​ព្រះ‌អង្គ​ពី​អង្កាល់? 39តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឈឺ ឬ​ជាប់​គុក ហើយ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?" 40ព្រះ‌មហាក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា "យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​យើង​នេះ នោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដល់​យើង​ហើយ"។ 41បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ! 42ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​មិន​បាន​ឲ្យ​អាហារ​យើង​បរិ‌ភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​មិន​បាន​ឲ្យ​ទឹក​យើង​ផឹក 43កាល​យើង​ជា​អ្នក​ដទៃ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យើង កាល​យើង​នៅ​អាក្រាត អ្នក​រាល់​គ្នា​មិន​បាន​ឲ្យ​សម្លៀក‌បំពាក់​ដល់​យើង ក៏​ឈឺ ហើយ​ជាប់​គុក អ្នក​រាល់​គ្នា​មិន​បាន​មក​សួរ​សុខ​ទុក្ខ​យើង​សោះ"។ 44ពេល​នោះ គេ​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ឬ​ស្រេក ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​បម្រើ​ព្រះ‌អង្គ​ពី​អង្កាល់?" 45ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា "ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​អ្នក​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ធ្វើ​ដល់​យើង​ដែរ"។ 46ពួក​អ្នក​ទាំង​នេះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់‌កល្ប​ជានិច្ច រីឯ​ពួក​មនុស្ស​សុចរិត​នឹង​ចូល​ទៅ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល