ម៉ាថាយ 24:15-35
ម៉ាថាយ 24:15-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!) ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ ដ្បិតពេលនោះ ជាពេលមាន ទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។ ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការី*ក្លែងក្លាយនាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។ «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ ពេលនោះ ទីសម្គាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញ បុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។ ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង»។ «ចូរអ្នករាល់គ្នាយកប្រស្នា*ស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
ម៉ាថាយ 24:15-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ ពេលអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានថ្លែងទុក គឺជាវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅក្នុងទីបរិសុទ្ធ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីពីក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯស្រែចម្ការ ក៏មិនត្រូវត្រឡប់មកយកសម្លៀកបំពាក់របស់ខ្លួនដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ចូរអធិស្ឋានដើម្បីកុំឲ្យរត់នៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ។ ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។ ពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះគ្រីស្ទគង់នៅទីនេះ" ឬ "នៅទីនោះ" កុំជឿគេឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនហើយ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។ សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។ «លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។ លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ «ចូររៀនជាសេចក្ដីប្រៀបធៀបអំពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។ ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះ ត្រូវដឹងថា លោកមកជិតដល់ហើយ ក៏នៅមាត់ទ្វារផង។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែការទាំងអស់នេះបានកើតមក។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។
ម៉ាថាយ 24:15-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដី ដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។ ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។ ប៉ុន្តែ ចូររៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ