«ដូច្នេះ ពេលអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានថ្លែងទុក គឺជាវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅក្នុងទីបរិសុទ្ធ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីពីក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯស្រែចម្ការ ក៏មិនត្រូវត្រឡប់មកយកសម្លៀកបំពាក់របស់ខ្លួនដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ចូរអធិស្ឋានដើម្បីកុំឲ្យរត់នៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ។ ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។ ពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះគ្រីស្ទគង់នៅទីនេះ" ឬ "នៅទីនោះ" កុំជឿគេឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនហើយ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។ សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។ «លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។ លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ «ចូររៀនជាសេចក្ដីប្រៀបធៀបអំពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។ ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះ ត្រូវដឹងថា លោកមកជិតដល់ហើយ ក៏នៅមាត់ទ្វារផង។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែការទាំងអស់នេះបានកើតមក។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។
អាន ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:15-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ