ម៉ាថាយ 22:23-46

ម៉ាថាយ 22:23-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថា: “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន” ។ ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បងប្អូន​ប្រុស​ប្រាំ‌ពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ‌ពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថា: “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ កាល​មហា‌ជន​បាន​ឮ​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” ហ្នឹង​ហើយ​ជា​បទ‌បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ រីឯ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ ដែល​មាន​ព្រះ‌វិញ្ញាណ​បំភ្លឺ ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:23-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ មាន​ពួក​សាឌូស៊ី​ដែល​ប្រកាស​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ចូល​មក​ជួប​ព្រះ‌អង្គ​ហើយ​ទូល​សួរ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "បើ​បុរស​ណា​ស្លាប់​ទៅ​ដោយ​គ្មាន​កូន ប្អូន​ប្រុស​អ្នក​នោះ​ត្រូវ​រៀបការ​នឹង​ប្រពន្ធ​របស់​បង ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន " ឥឡូវ​នេះ ក្នុង​ចំណោម​យើង មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់។ បង​បង្អស់​បាន​រៀបការ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ​សុទ្ធ​តែ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ ក្នុង​ចំណោម​បង‌ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នោះ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​គេ​សុទ្ធ​តែ​បាន​រៀបការ​នឹង​នាង​គ្រប់​គ្នា»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​បទ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌ដែរ។ ដ្បិត​នៅ​គ្រា​រស់​ឡើង​វិញ បុរស និង​ស្ត្រី​មិន​រៀបការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌។ រីឯ​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​សេចក្តី​ដែល​ព្រះ‌មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ទេ​ឬ​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ»។ កាល​មហា‌ជន​ឮ​ដូច្នោះ គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ។ ប៉ុន្តែ កាល​ពួក​ផារិស៊ី​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ស្ងាត់​មាត់ គេ​ក៏​មក​ជួប​ជុំ​គ្នា ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ បាន​សួរ​ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «"ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក" នេះ​ជា​បទ‌បញ្ជា​ទី​មួយ ហើយ​សំខាន់​ជាង​គេ។ ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង" គ្រប់​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​មាន​ឫស​គល់​ចេញ​ពី​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឯង»។ កាល​ពួក​ផារិស៊ី​កំពុង​នៅ​ជួប​ជុំ​គ្នា ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ដោយ​ព្រះ‌វិញ្ញាណ ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" ដោយ​មាន​រាជ‌ឱង្ការ​ថា៖ "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"? ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" តើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?» គ្មាន​អ្នក​ណា​អាច​ឆ្លើយ​តប​មួយ​ម៉ាត់ ចំពោះ​ព្រះ‌អង្គ​បាន​ទេ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:23-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថា: “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន” ។ ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បងប្អូន​ប្រុស​ប្រាំ‌ពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ‌ពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថា: “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ កាល​មហា‌ជន​បាន​ឮ​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” ហ្នឹង​ហើយ​ជា​បទ‌បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ រីឯ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ ដែល​មាន​ព្រះ‌វិញ្ញាណ​បំភ្លឺ ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:23-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ពួក​សាឌូស៊ី ដែល​គេ​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ​ទេ គេ​ក៏​មក​ឯ​ទ្រង់ ទូល​សាក‌សួរ​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ​សោះ ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថាន‌សួគ៌​វិញ តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី ដែល​ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ព្រះ‌អង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។ ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​ទ្រង់​បង្រៀន​នោះ តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា លោក​គ្រូ ក្នុង​បណ្តា​ក្រិត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» បណ្តា​ក្រិត្យ‌វិន័យ នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។ កំពុង​ដែល​ពួក​ផារិស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះ‌វង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​មាន​បន្ទូល​សួរ​ទៀត​ថា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ហ្លួង​ដាវីឌ​មាន​បន្ទូល ដោយ​នូវ​ព្រះ‌វិញ្ញាណ ហៅ​ទ្រង់​ជា​ព្រះ‌អម្ចាស់​បាន ដោយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 22