នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖ «លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា "បើបុរសណាស្លាប់ទៅដោយគ្មានកូន ប្អូនប្រុសអ្នកនោះត្រូវរៀបការនឹងប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន " ឥឡូវនេះ ក្នុងចំណោមយើង មានបងប្អូនប្រាំពីរនាក់។ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរសុទ្ធតែស្លាប់ទៅទាំងគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ដូច្នេះ នៅគ្រារស់ឡើងវិញ ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នោះ តើនាងជាប្រពន្ធរបស់អ្នកណា? ដ្បិតគេសុទ្ធតែបានរៀបការនឹងនាងគ្រប់គ្នា»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។ កាលមហាជនឮដូច្នោះ គេក៏នឹកប្លែកក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះអង្គ។ ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។ កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖ "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទារបស់ព្រះអង្គ"? ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
អាន ម៉ាថាយ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 22:23-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ