ម៉ាថាយ 21:23-32
ម៉ាថាយ 21:23-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជន នាំគ្នាចូលមករកព្រះអង្គពេលទ្រង់កំពុងបង្រៀន ហើយសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី ហើយអ្នកណាប្រគល់អំណាចនេះឲ្យលោក?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏នឹងសួរអស់លោកមួយសំណួរដែរ បើអស់លោកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។ តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" គាត់នឹងសួរយើងថា "ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿ?" តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។ ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ» ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីដែរ»។ «តើអ្នករាល់គ្នាយល់យ៉ាងណា? បុរសម្នាក់មានកូនប្រុសពីរ គាត់ចូលទៅប្រាប់កូនទីមួយថា "កូនអើយ ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ!" កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ បន្ទាប់មក ឪពុកចូលទៅប្រាប់កូនទីពីរដូចគ្នា កូននោះតបថា "ខ្ញុំទៅ លោកឪពុក" តែមិនបានទៅទេ។ ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។
ម៉ាថាយ 21:23-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន” បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។ ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!”។ ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា: “បាទ កូនទៅ!” តែអត់ទៅទេ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ* និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនដូរចិត្តគំនិត ហើយជឿលោកដែរ»។
ម៉ាថាយ 21:23-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក ព្រះយេស៊ូវមានបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់ តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។ ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែវាមិនបានទៅទេ ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ នឹងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។