ម៉ាថាយ 21:23-32

ម៉ាថាយ 21:23-32 គកស១៦

កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ពេល​ទ្រង់​កំពុង​បង្រៀន ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ហើយ​អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​នឹង​សួរ​អស់​លោក​មួយ​សំណួរ​ដែរ បើ​អស់​លោក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី។ តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ណា? មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» គេ​ក៏​រិះ​គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" គាត់​នឹង​សួរ​យើង​ថា "ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ?" តែ​បើ​យើង​ថា "មក​ពី​មនុស្ស" យើង​ខ្លាច​បណ្ដា‌ជន ដ្បិត​គេ​ទាំង​អស់​គ្នា​ចាត់​ទុក​យ៉ូហាន​ជា​ហោរា»។ ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​ដែរ»។ «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ គាត់​ចូល​ទៅ​ប្រាប់​កូន​ទី​មួយ​ថា "កូន​អើយ ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ!" កូន​នោះ​តប​ថា៖ "ខ្ញុំ​មិន​ទៅ​ទេ" ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ។ បន្ទាប់​មក ឪពុក​ចូល​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា កូន​នោះ​តប​ថា "ខ្ញុំ​ទៅ លោក​ឪពុក" តែ​មិន​បាន​ទៅ​ទេ។ ក្នុង​ចំណោម​កូន​ទាំង​ពីរ តើ​កូន​ណា​មួយ​បាន​ធ្វើ​តាម​បំណង​របស់​ឪពុក?» គេ​ឆ្លើយ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា ដ្បិត​លោក​យ៉ូហាន​បាន​មក​រក​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​លោក​ទេ រីឯ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​បាន​ជឿ​លោក ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​ដូរ​គំនិត ហើយ​ជឿ​លោក​ដែរ»។

អាន ម៉ាថាយ 21