ម៉ាថាយ 2:1-11

ម៉ាថាយ 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖ «តើ​បុត្រ​ដែល​បាន​ប្រសូត​មក​ជា​ស្តេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​ពី​ទិស​ខាង​កើត ហើយ​យើង​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។ ក្រោយ​ពី​បាន​ហៅ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​របស់​បណ្តា‌ជន​មក​ជួប​ជុំ​គ្នា​ហើយ ទ្រង់​ក៏​សាក​សួរ​ពួក​គេ​ពី​កន្លែង​ដែល​ព្រះ‌គ្រីស្ទ​ប្រសូត។ គេ​ទូល​ស្ដេច​ថា៖ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដ្បិត​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា "ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។ ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​ការ​ត្រាស់​បង្គាប់​របស់​ស្តេច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត ក៏​នាំ​មុខ​គេ​រហូត​ដល់​ចំ​ពី​លើក​ន្លែង​ដែល​បុត្រ​តូច​គង់​នៅ​ទើប​ឈប់។ ពេល​ឃើញ​ផ្កាយ​នោះ​ឈប់​ដូច្នោះ គេ​មាន​អំណរ​ជា​ខ្លាំង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡឹម សួរ​ថា៖ «ព្រះ‌មហាក្សត្រ​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​ព្រះអង្គ»។ កាល​ព្រះ‌បាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ស្ដេច​រន្ធត់​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ក៏​រន្ធត់​ចិត្ត​ជា​មួយ​ស្ដេច​ដែរ។ ព្រះ‌រាជា​ត្រាស់​ហៅ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះ‌គ្រិស្ត*​ត្រូវ​ប្រសូត។ គេ​ទូល​ស្ដេច​ថា ព្រះ‌គ្រិស្ត​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី*​ថា៖ «ភូមិ​បេថ្លេ‌ហិម​ជា​ដែន​ដី​យូដា​អើយ! ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹង​ថែ‌រក្សា​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង» ។ ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា តើ​ព្រះ‌អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ‌បង្គំ​ទ្រង់។ កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក‌សួរ​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្ដី​ទុក​មក​ដូច្នេះ​ថា «ឯ​ឯង​បេថ្លេ‌ហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅហ្វាយ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅហ្វាយ​១​ចេញ​ពី​ឯង​មក ចៅហ្វាយ​នោះ​នឹង​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ»។ នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​សើុប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ

ចែក​រំលែក
អាន ម៉ាថាយ 2