ម៉ាថាយ 2:1-11

ម៉ាថាយ 2:1-11 គកស១៦

ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖ «តើ​បុត្រ​ដែល​បាន​ប្រសូត​មក​ជា​ស្តេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​ពី​ទិស​ខាង​កើត ហើយ​យើង​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។ ក្រោយ​ពី​បាន​ហៅ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​របស់​បណ្តា‌ជន​មក​ជួប​ជុំ​គ្នា​ហើយ ទ្រង់​ក៏​សាក​សួរ​ពួក​គេ​ពី​កន្លែង​ដែល​ព្រះ‌គ្រីស្ទ​ប្រសូត។ គេ​ទូល​ស្ដេច​ថា៖ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដ្បិត​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា "ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។ ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​ការ​ត្រាស់​បង្គាប់​របស់​ស្តេច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត ក៏​នាំ​មុខ​គេ​រហូត​ដល់​ចំ​ពី​លើក​ន្លែង​ដែល​បុត្រ​តូច​គង់​នៅ​ទើប​ឈប់។ ពេល​ឃើញ​ផ្កាយ​នោះ​ឈប់​ដូច្នោះ គេ​មាន​អំណរ​ជា​ខ្លាំង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។

អាន ម៉ាថាយ 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 2:1-11