ម៉ាថាយ 19:16-30

ម៉ាថាយ 19:16-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។ គាត់​ទូល​សួរ​ថា៖ «តើ​បទ‌បញ្ជា​ណា​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ចូរ​គោរព​ឪពុក‌ម្តាយ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង »។ បុរស​វ័យ​ក្មេង​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​ទាំង​នេះ [តាំង​ពី​ក្មេង​មក]​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ណាស់។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ពេល​នោះ ពេត្រុស​ទូល​សួរ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ។ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ទៅ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។ ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​នាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​មួយ​ជា​មួយ​រយ ព្រម​ទាំង​ទទួល​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ជា​មត៌ក​ទៀត​ផង។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន នឹង​ទៅ​ជា​ក្រោយ ហើយ​អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:16-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទៅ»។ គាត់​ទូល​សួរ​ព្រះអង្គ​ថា៖ «បទ‌បញ្ជា​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតា ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ »។ យុវ‌បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។ កាល​យុវ‌បុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មាន​ពិបាក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ណាស់!។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ទៅ​ទៀត»។ កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។ ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​ព្រះ‌ជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​កើត​ទាំង​អស់»។ ពេល​នោះ លោក​ពេត្រុស*​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរី‌រុងរឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។ អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:16-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប​ជានិច្ច ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះ‌បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ នោះ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពិបាក​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា ដែល​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ ជា​ជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃ‌លែង ហើយ​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។ ពេត្រុស​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​នឹង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 19

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ