ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមបទបញ្ជា*ទៅ»។ គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯងដែរ »។ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។ កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។ ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។
អាន ម៉ាថាយ 19
ស្ដាប់នូវ ម៉ាថាយ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 19:16-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ