ម៉ាថាយ 19:1-15

ម៉ាថាយ 19:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ព្រះ‌យេស៊ូវ​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។ រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី រួច​ក៏​មាន​បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្ដី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង តែ​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​ខ្ទើយ​តែ​ម្តង មាន​ខ្លះ​ដែល​មនុស្ស​លោក​បាន​ក្រៀវ ហើយ​មាន​ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថាន‌សួគ៌ ដូច្នេះ អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ។ លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថាន‌សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា ទ្រង់​ក៏​ដាក់​ព្រះ‌ហស្ត​លើ​វា​រាល់​គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ទៅ​កាន់​ស្រុក​យូដា ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។ មាន​ពួក​ផារិស៊ី​ខ្លះ​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ល្បង​ល​ព្រះ‌អង្គ​ដោយ​ទូល​សួរ​ថា៖ «តើ​បុរស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​មួយ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង‌លះ ហើយ​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ [ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ]»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បើ​បុរស​ដែល​មាន​ប្រពន្ធ​មាន​ករណី​បែប​នេះ ស៊ូ​កុំ​រៀបការ​ប្រសើរ​ជាង»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​មែន​គ្រប់​គ្នា​អាច​ទទួល​សេចក្ដី​បង្រៀន​នេះ​បាន​ទេ គឺ​ទទួល​បាន​តែ​អស់​អ្នក​ដែល​ព្រះ​បាន​ប្រទាន​មក​ប៉ុណ្ណោះ ដ្បិត​មាន​មនុស្ស​ខ្លះ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មិន​អាច​រៀបការ​បាន ក៏​មាន​មនុស្ស​កម្រៀវ​ដែល​អ្នក​ដទៃ​បាន​ក្រៀវ ហើយ​មាន​មនុស្ស​កម្រៀវ​ដែល​បាន​ក្រៀវ​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​សេចក្ដី​នេះ​បាន ចូរ​ទទួល​ចុះ»។ បន្ទាប់​មក មាន​គេ​នាំ​ក្មេង​តូចៗ​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ ហើយ​អធិស្ឋាន​ឲ្យ តែ​ពួក​សិស្ស​បាន​បន្ទោស​អ្នក​ទាំង​នោះ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។ ព្រះ‌អង្គ​ក៏​ដាក់​ព្រះ‌ហស្ត​លើក្មេង​ទាំង​នោះ រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។ មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​ទី​នោះ។ មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*​បាន​បង្កើត​មនុស្ស​មក​ជា​បុរស ជា​ស្ត្រី រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ។ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។ ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ) ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។ សិស្ស*​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខ‌ខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ អ្នក​ខ្លះ​មិន​អាច​រៀបការ​បាន តាំង​ពី​កំណើត​មក ។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​ឲ្យ​យល់​ចុះ!»។ មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​បាន»។ បន្ទាប់​មក ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 19