កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។ មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។ មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថា: “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឲ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សិស្ស*នាំគ្នាទូលព្រះអង្គថា៖ «បើមានលក្ខខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបាន តាំងពីកំណើតមក ។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។ មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*នៃស្ថានបរមសុខបាន»។ បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះ រួចព្រះអង្គយាងចាកចេញពីទីនោះទៅ។
អាន ម៉ាថាយ 19
ស្ដាប់នូវ ម៉ាថាយ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 19:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ