ម៉ាថាយ 19:1-12
ម៉ាថាយ 19:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងទៅកាន់ស្រុកយូដា ខាងនាយទន្លេយ័រដាន់។ មហាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជានៅទីនោះ។ មានពួកផារិស៊ីខ្លះចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលសួរថា៖ «តើបុរសមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាមួយបានឬទេ?» ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី ?" រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ" ។ យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។ គេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ ហើយឲ្យលែងប្រពន្ធដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។ ពួកសិស្សទូលព្រះអង្គថា៖ «បើបុរសដែលមានប្រពន្ធមានករណីបែបនេះ ស៊ូកុំរៀបការប្រសើរជាង»។ តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មិនមែនគ្រប់គ្នាអាចទទួលសេចក្ដីបង្រៀននេះបានទេ គឺទទួលបានតែអស់អ្នកដែលព្រះបានប្រទានមកប៉ុណ្ណោះ ដ្បិតមានមនុស្សខ្លះ ដែលកើតពីផ្ទៃម្តាយមកមិនអាចរៀបការបាន ក៏មានមនុស្សកម្រៀវដែលអ្នកដទៃបានក្រៀវ ហើយមានមនុស្សកម្រៀវដែលបានក្រៀវដោយខ្លួនឯង ដោយព្រោះព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាដែលអាចទទួលសេចក្ដីនេះបាន ចូរទទួលចុះ»។
ម៉ាថាយ 19:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។ មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។ មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថា: “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឲ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សិស្ស*នាំគ្នាទូលព្រះអង្គថា៖ «បើមានលក្ខខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបាន តាំងពីកំណើតមក ។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។
ម៉ាថាយ 19:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះព្រះយេស៊ូវបានមានបន្ទូលពាក្យទាំងនោះរួចហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់វិញ ហើយមានហ្វូងមនុស្សកកកុញតាមទ្រង់ទៅ នៅទីនោះទ្រង់ក៏ប្រោសឲ្យគេបានជា។ រីឯពួកផារិស៊ី គេមកល្បួងទ្រង់ដោយទូលថា តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ ទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី រួចក៏មានបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ គេទូលសួរទ្រង់ថា ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ ទ្រង់ក៏មានបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្ដីដើមលែង នោះក៏ប្រព្រឹត្តសេចក្ដីកំផិតដែរ ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង តែទ្រង់មានបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។