ម៉ាថាយ 19:1-12

ម៉ាថាយ 19:1-12 គកស១៦

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ទៅ​កាន់​ស្រុក​យូដា ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។ មាន​ពួក​ផារិស៊ី​ខ្លះ​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ល្បង​ល​ព្រះ‌អង្គ​ដោយ​ទូល​សួរ​ថា៖ «តើ​បុរស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​មួយ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង‌លះ ហើយ​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ [ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ]»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បើ​បុរស​ដែល​មាន​ប្រពន្ធ​មាន​ករណី​បែប​នេះ ស៊ូ​កុំ​រៀបការ​ប្រសើរ​ជាង»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​មែន​គ្រប់​គ្នា​អាច​ទទួល​សេចក្ដី​បង្រៀន​នេះ​បាន​ទេ គឺ​ទទួល​បាន​តែ​អស់​អ្នក​ដែល​ព្រះ​បាន​ប្រទាន​មក​ប៉ុណ្ណោះ ដ្បិត​មាន​មនុស្ស​ខ្លះ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មិន​អាច​រៀបការ​បាន ក៏​មាន​មនុស្ស​កម្រៀវ​ដែល​អ្នក​ដទៃ​បាន​ក្រៀវ ហើយ​មាន​មនុស្ស​កម្រៀវ​ដែល​បាន​ក្រៀវ​ដោយ​ខ្លួន​ឯង ដោយ​ព្រោះ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​សេចក្ដី​នេះ​បាន ចូរ​ទទួល​ចុះ»។

អាន ម៉ាថាយ 19