ម៉ាថាយ 17:24-27

ម៉ាថាយ 17:24-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​គេ​មក​ដល់​ក្រុង​កាពើណិម ពួក​អ្នក​ទារ​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ចូល​មក​សួរ​ពេត្រុស​ថា៖ «តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ?» លោក​ឆ្លើយ​ថា៖ «បាទ លោក​បង់!» កាល​ពេត្រុស​បាន​មក​ដល់​ផ្ទះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​នេះ​ជា​មុន ដោយ​សួរ​ថា៖ «ស៊ីម៉ូន តើ​អ្នក​យល់​យ៉ាង​ណា? តើ​ស្តេច​នៅ​លើ​ផែនដី ហូត​ពន្ធ ឬ​សួយ‌សារ‌អាករ​ពី​អ្នក​ណា? ពី​កូន​ចៅ​របស់​ខ្លួន ឬ​ពី​អ្នក​ដទៃ?» ហើយ​ពេល​ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ពី​អ្នក​ដទៃ» ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ។ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​គេ​ទាស់​ចិត្ត​ដោយ‌សារ​យើង ចូរ​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដំបូង​ដែល​ជាប់​សន្ទូច មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​សម្រាប់​ខ្ញុំ និង​អ្នក​ទៅ»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:24-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សម្រាប់​ព្រះ‌វិហារ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ឬ​ទេ?»។ លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:24-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​មក​ដល់​ក្រុង​កាពើ‌ណិម​ហើយ នោះ​ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះ‌វិហារ គេ​មក​សួរ​ពេត្រុស​ថា តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធ‌ដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ ពេត្រុស​ទូល​ឆ្លើយ​ថា ពី​មនុស្ស​ដទៃ​ទេ ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ ប៉ុន្តែ ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់‌អន់​ចិត្ត​ដល់​គេ។

ចែក​រំលែក
អាន ម៉ាថាយ 17