ម៉ាថាយ 17:1-9

ម៉ាថាយ 17:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*​អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ ពេល​ព្រះអង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​អំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​ព្រះ‌អង្គ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ចាំង​ភ្លឺ​ដូច​ថ្ងៃ ហើយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ។ រំពេច​នោះ គេ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក កំពុង​តែ​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។ ពេត្រុស​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​ធ្វើ​ត្រសាល​បី​នៅ​ទី​នេះ គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលីយ៉ា»។ កាល​លោក​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​មួយ​ផ្ទាំង​ដ៏​ភ្លឺ​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ!» ពេល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ទាំង​តក់‌ស្លុត​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌យេស៊ូវ​យាង​ទៅ​ជិត ហើយ​ពាល់​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ កាល​គេ​ងើប​មុខ​ឡើង គេ​មិន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ឯង​ប៉ុណ្ណោះ។ ពេល​គេ​កំពុង​តែ​ចុះ​ពី​ភ្នំ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហាម​គេ​ថា៖ «កុំ​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​នេះ​ដល់​អ្នក​ណា​ឲ្យ​សោះ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កន្លង​មក​៦​ថ្ងៃ ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ នោះ​ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់ ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា កាល​គាត់​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្តាប់​តាម​ចុះ កាល​បាន​ឮ​ហើយ នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​បន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ កាល​គេ​បាន​ងើប​ឡើង នោះ​មិន​បាន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​តែ​ប៉ុណ្ណោះ។ កំពុង​ដែល​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​គេ​ថា កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

ចែក​រំលែក
អាន ម៉ាថាយ 17

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ