ម៉ាថាយ 17:1-9

ម៉ាថាយ 17:1-9 គកស១៦

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​ព្រះ‌អង្គ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ចាំង​ភ្លឺ​ដូច​ថ្ងៃ ហើយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ។ រំពេច​នោះ គេ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក កំពុង​តែ​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។ ពេត្រុស​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​ធ្វើ​ត្រសាល​បី​នៅ​ទី​នេះ គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលីយ៉ា»។ កាល​លោក​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​មួយ​ផ្ទាំង​ដ៏​ភ្លឺ​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ!» ពេល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ទាំង​តក់‌ស្លុត​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌យេស៊ូវ​យាង​ទៅ​ជិត ហើយ​ពាល់​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ កាល​គេ​ងើប​មុខ​ឡើង គេ​មិន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ឯង​ប៉ុណ្ណោះ។ ពេល​គេ​កំពុង​តែ​ចុះ​ពី​ភ្នំ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហាម​គេ​ថា៖ «កុំ​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​នេះ​ដល់​អ្នក​ណា​ឲ្យ​សោះ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ»។

អាន ម៉ាថាយ 17