ម៉ាថាយ 16:21-27

ម៉ាថាយ 16:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូ ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​ពេត្រុស*​នាំ​ព្រះ‌យេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌ជាម្ចាស់​មេត្តា​អាណិត កុំ​ឲ្យ​ការណ៍​នេះ​កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។ ព្រះ‌យេស៊ូ​បែរ​មក​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តាំង​ពី​ពេល​នោះ មក ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​បង្ហាញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង​ពី​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ផង! កុំ​ឲ្យ​ការ​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។ ប៉ុន្តែ ព្រះ‌អង្គ​បែរ​មក មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «សាតាំង! ថយ​ទៅ​ក្រោយ​យើង​ទៅ ឯង​ជា​សេចក្តី​បង្អាក់​ដល់​យើង ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ‌ទេ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ផ្តើម​ប្រាប់​ដល់​ពួក​សិស្ស​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ជំទាស់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ តែ​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គាត់​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន

ចែក​រំលែក
អាន ម៉ាថាយ 16