ម៉ាថាយ 16:21-27

ម៉ាថាយ 16:21-27 គកស១៦

តាំង​ពី​ពេល​នោះ មក ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​បង្ហាញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង​ពី​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ផង! កុំ​ឲ្យ​ការ​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។ ប៉ុន្តែ ព្រះ‌អង្គ​បែរ​មក មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «សាតាំង! ថយ​ទៅ​ក្រោយ​យើង​ទៅ ឯង​ជា​សេចក្តី​បង្អាក់​ដល់​យើង ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ‌ទេ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

អាន ម៉ាថាយ 16