ម៉ាថាយ 16:1-28

ម៉ាថាយ 16:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​នាំ​គ្នា​ចូល​មក​ល្បង​ល​ព្រះ‌យេស៊ូវ គេ​សូម​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ទី​សម្គាល់​មួយ​ពី​ស្ថាន‌សួគ៌​ដល់​គេ។ ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​និយាយ​ថា "ច្បាស់​ជា​មាន​ធាតុ​អាកាស​ល្អ​មិន​ខាន ព្រោះ​មេឃ​ក្រហម" ហើយ​នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​ក៏​ថា "ច្បាស់​ជា​មាន​ព្យុះ​មិន​ខាន​ថ្ងៃ​នេះ ព្រោះ​មេឃ​ក្រហម ហើយ​ខ្មៅ​ដាស"។ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​មើល​សណ្ឋាន​របស់​មេឃ តែ​មិន​ចេះ​សម្គាល់​មើល​ទី​សម្គាល់​សម័យ​នេះ​សោះ។ ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​បាត់​ទៅ។ ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង គេ​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ពិចារណា ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី»។ ពួក​សិស្ស​ជជែក​គ្នា​ថា៖ «នេះ​ព្រោះ​តែ​យើង​មិន​បាន​យក​នំបុ័ង​មក​ជា​មួយ»។ ដោយ​ជ្រាប​ពី​ការ​នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​និយាយ​ពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ពី​នំបុ័ង​ប្រាំ​ដុំ ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់ ហើយ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ? ឬ​ពី​នំបុ័ង​ប្រាំ​ពីរ​ដុំ ចម្អែត​មនុស្ស​បួន​ពាន់​នាក់ ហើយ​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​ទេ​ឬ? ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ? ខ្ញុំ​មិន​បាន​និយាយ​ពី​រឿង​នំប៉័ង​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី!» ពេល​នោះ ទើប​គេ​យល់​ថា ទ្រង់​មិន​មែន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​នំប៉័ង​នោះ​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។ កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដល់​អ្នក ហើយ​អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ បន្ទាប់​មក ព្រះ‌អង្គ​ហាម​ផ្ដាច់​មិន​ឲ្យ​ពួក​សិស្ស​ប្រាប់​អ្នក​ណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​ឡើយ។ តាំង​ពី​ពេល​នោះ មក ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​បង្ហាញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង​ពី​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ផង! កុំ​ឲ្យ​ការ​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។ ប៉ុន្តែ ព្រះ‌អង្គ​បែរ​មក មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «សាតាំង! ថយ​ទៅ​ក្រោយ​យើង​ទៅ ឯង​ជា​សេចក្តី​បង្អាក់​ដល់​យើង ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ‌ទេ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​កូន​មនុស្ស​យាង​មក ក្នុង​ព្រះរាជ្យ​របស់​លោក»។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះអង្គ។ គេ​សុំ​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់​មក។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «[នៅ​ពេល​ថ្ងៃ​លិច កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ពណ៌​ក្រហម​អ្នក​រាល់​គ្នា​តែង​ពោល​ថា ស្អែក​ថ្ងៃ​ល្អ​ហើយ។ នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់​នា​សម័យ​នេះ​សោះ!] មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះអង្គ​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​គេ​ទៅ។ ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ទៅ​ជា​មួយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឲ្យ​មែន​ទែន»។ ពួក​សិស្ស​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ថា៖ «យើង​មិន​បាន​យក​នំប៉័ង​មក​ទេ!»។ ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ? ហើយ​កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ‌ពីរ​ដុំ​ឲ្យ​មនុស្ស​បួន‌ពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំប៉័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឯ‌ណោះ»។ ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។ កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារា-ភីលីព ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស*​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។ គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ ព្រះអង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជ ពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សិស្ស*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*​ឡើយ។ តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូ ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​ពេត្រុស*​នាំ​ព្រះ‌យេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌ជាម្ចាស់​មេត្តា​អាណិត កុំ​ឲ្យ​ការណ៍​នេះ​កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។ ព្រះ‌យេស៊ូ​បែរ​មក​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះ‌រាជ្យ*»។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​មក​ល្បួង​ទ្រង់ សូម​ឲ្យ​សំដែង​ទី​សំគាល់​១​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដល់​ល្ងាច​អ្នក​រាល់​គ្នា​និយាយ​ថា មេឃ​នឹង​ល្អ ពី​ព្រោះ​ក្រហម ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សំគាល់​នៃ​សម័យ​នេះ​បាន​ទេ ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស រួច​ទ្រង់​យាង​ចោល​គេ​បាត់​ទៅ។ ពួក​សិស្ស​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង តែ​គេ​ភ្លេច​យក​នំបុ័ង​ទៅ គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត​ចំពោះ​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​ឲ្យ​មែន‌ទែន គេ​ក៏​រិះ‌គិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ នឹង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី ឬ​ពី​នំបុ័ង​៧ នឹង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត ពី​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​នោះ​ទេ នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​វិញ។ កាល​ព្រះ‌យេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សាក‌សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន‌សួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ រួច​ទ្រង់​ហាម​ពួក​សិស្ស មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ឡើយ។ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ផ្តើម​ប្រាប់​ដល់​ពួក​សិស្ស​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ជំទាស់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ តែ​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គាត់​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក។

ចែក​រំលែក
អាន ម៉ាថាយ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ