ម៉ាថាយ 16:1-28

ម៉ាថាយ 16:1-28 គកស១៦

ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​នាំ​គ្នា​ចូល​មក​ល្បង​ល​ព្រះ‌យេស៊ូវ គេ​សូម​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ទី​សម្គាល់​មួយ​ពី​ស្ថាន‌សួគ៌​ដល់​គេ។ ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​និយាយ​ថា "ច្បាស់​ជា​មាន​ធាតុ​អាកាស​ល្អ​មិន​ខាន ព្រោះ​មេឃ​ក្រហម" ហើយ​នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​ក៏​ថា "ច្បាស់​ជា​មាន​ព្យុះ​មិន​ខាន​ថ្ងៃ​នេះ ព្រោះ​មេឃ​ក្រហម ហើយ​ខ្មៅ​ដាស"។ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​មើល​សណ្ឋាន​របស់​មេឃ តែ​មិន​ចេះ​សម្គាល់​មើល​ទី​សម្គាល់​សម័យ​នេះ​សោះ។ ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​បាត់​ទៅ។ ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង គេ​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ពិចារណា ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី»។ ពួក​សិស្ស​ជជែក​គ្នា​ថា៖ «នេះ​ព្រោះ​តែ​យើង​មិន​បាន​យក​នំបុ័ង​មក​ជា​មួយ»។ ដោយ​ជ្រាប​ពី​ការ​នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​និយាយ​ពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ពី​នំបុ័ង​ប្រាំ​ដុំ ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់ ហើយ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ? ឬ​ពី​នំបុ័ង​ប្រាំ​ពីរ​ដុំ ចម្អែត​មនុស្ស​បួន​ពាន់​នាក់ ហើយ​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​ទេ​ឬ? ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ? ខ្ញុំ​មិន​បាន​និយាយ​ពី​រឿង​នំប៉័ង​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី!» ពេល​នោះ ទើប​គេ​យល់​ថា ទ្រង់​មិន​មែន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​នំប៉័ង​នោះ​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។ កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដល់​អ្នក ហើយ​អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ បន្ទាប់​មក ព្រះ‌អង្គ​ហាម​ផ្ដាច់​មិន​ឲ្យ​ពួក​សិស្ស​ប្រាប់​អ្នក​ណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​ឡើយ។ តាំង​ពី​ពេល​នោះ មក ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​បង្ហាញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ខ្លាំង​ពី​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ផង! កុំ​ឲ្យ​ការ​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។ ប៉ុន្តែ ព្រះ‌អង្គ​បែរ​មក មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «សាតាំង! ថយ​ទៅ​ក្រោយ​យើង​ទៅ ឯង​ជា​សេចក្តី​បង្អាក់​ដល់​យើង ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ‌ទេ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​កូន​មនុស្ស​យាង​មក ក្នុង​ព្រះរាជ្យ​របស់​លោក»។

អាន ម៉ាថាយ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ