ម៉ាថាយ 14:13-21

ម៉ាថាយ 14:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។ លុះ​ដល់​ពេល​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ចូល​ទៅ​តាម​ភូមិ ហើយ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​គេ​បរិ‌ភោគ​ផង»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​នៅ​លើ​ស្មៅ។ ព្រះ‌អង្គ​យក​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ​មក ហើយ​ងើប​ព្រះ‌ភក្ត្រ​ទៅ​ស្ថាន‌សួគ៌​អរ​ព្រះ‌គុណ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​ពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន។ គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​ចំនួន​បុរស​ប្រមាណ​ប្រាំ​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំប៉័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​លើ​ស្មៅ ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន​បរិភោគ។ អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សិស្ស​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ អស់​អ្នក​ដែល​បាន​បរិភោគ​នំប៉័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា ដល់​ពេល​ល្ងាច ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំ‌វិញ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​នឹង​ត្រី​២​ប៉ុណ្ណោះ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ រួច​កាល​ទ្រង់​បាន​បង្គាប់ ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗនឹង​កូន​ក្មេង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 14