ម៉ាថាយ 14:13-21

ម៉ាថាយ 14:13-21 គកស១៦

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។ លុះ​ដល់​ពេល​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ចូល​ទៅ​តាម​ភូមិ ហើយ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​គេ​បរិ‌ភោគ​ផង»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​នៅ​លើ​ស្មៅ។ ព្រះ‌អង្គ​យក​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ​មក ហើយ​ងើប​ព្រះ‌ភក្ត្រ​ទៅ​ស្ថាន‌សួគ៌​អរ​ព្រះ‌គុណ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​ពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន។ គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​ចំនួន​បុរស​ប្រមាណ​ប្រាំ​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។

អាន ម៉ាថាយ 14