ម៉ាថាយ 13:1-23
ម៉ាថាយ 13:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឲ្យផលជាមួយរយគ្រាប់ មួយទៀតឲ្យហុកសិប និងមួយទៀតឲ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ! »។ ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ ដើម្បីឲ្យស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យជា” ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិត*ជាច្រើន មានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។ ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ: អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូល ដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។
ម៉ាថាយ 13:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ។ ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ។ មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ប៉ុន្តែ ពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។ តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?» ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។ សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។ តែអ្នករាល់គ្នាវិញមានពរហើយ ដ្បិតភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្តាប់ឮ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។ «ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបធៀបពីអ្នកព្រោះពូជនោះចុះ។ ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។ រីឯពូជដែលបានធ្លាក់ទៅលើដីថ្ម នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរ តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។ រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។ រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
ម៉ាថាយ 13:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ ព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា» តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា នឹងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនមានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។