នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ។ ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ។ មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ប៉ុន្តែ ពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។ តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?» ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។ សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។ តែអ្នករាល់គ្នាវិញមានពរហើយ ដ្បិតភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្តាប់ឮ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។ «ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបធៀបពីអ្នកព្រោះពូជនោះចុះ។ ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។ រីឯពូជដែលបានធ្លាក់ទៅលើដីថ្ម នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរ តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។ រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។ រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
អាន ម៉ាថាយ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 13:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ