ម៉ាថាយ 11:1-15

ម៉ាថាយ 11:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ណែ​នាំ​សិស្ស​ទាំង​ដប់​ពីរ​ចប់​ហើយ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​បង្រៀន និង​ប្រកាស​ប្រាប់​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​របស់​គេ។ ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្តាប់​ឮ និង​មើល​ឃើញ​ចុះ មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​នឹង​ខ្ញុំ»។ ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី? ទៅ​មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​លើស​ជាង​ហោរា​ទៅ​ទៀត។ លោក​នេះ​ហើយ​ដែល​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក អ្នក​នោះ​នឹង​ទៅ​មុន​អ្នក ដើម្បី​រៀបចំ​ផ្លូវ​របស់​អ្នក" ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។ តាំង​ពី​គ្រា​របស់​លោក​យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ទទួល​រង​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យ‌វិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក​យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក​យ៉ូហាន​ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន នៅ​តាម​ភូមិ​នានា។ ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។ តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដ​មក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។ តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។ ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​បាន​ផ្តាំ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សំដែង​ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។ រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ​ចុះ គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​បាន​ឮ​ដំណឹង​ល្អ​ផង មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។ កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ពី​ព្រោះ​អស់​ទាំង​ហោរា នឹង​ក្រិត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

ចែក​រំលែក
អាន ម៉ាថាយ 11