កាលព្រះយេស៊ូវបានណែនាំសិស្សទាំងដប់ពីរចប់ហើយ ទ្រង់ក៏យាងចេញពីទីនោះ ទៅបង្រៀន និងប្រកាសប្រាប់ប្រជាជននៅតាមក្រុងនានារបស់គេ។ ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្តាប់ឮ និងមើលឃើញចុះ មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ មានពរហើយ អ្នកណាដែលមិនរវាតចិត្តនឹងខ្ញុំ»។ ពេលពួកសិស្សទាំងនោះចេញផុតទៅ ព្រះយេស៊ូវក៏ចាប់ផ្តើមមានព្រះបន្ទូលទៅកាន់មហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬ? តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់រុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់រុងរឿងគេនៅក្នុងដំណាក់ស្តេចទេ។ ដូច្នេះ តើអ្នករាល់គ្នាបានទៅមើលអ្វី? ទៅមើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកលើសជាងហោរាទៅទៀត។ លោកនេះហើយដែលមានសេចក្តីចែងទុកពីលោកថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក អ្នកនោះនឹងទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក" ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រី គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌ អ្នកនោះធំជាងលោកទៅទៀត។ តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង ដ្បិតអស់ទាំងគម្ពីរហោរា និងគម្ពីរក្រឹត្យវិន័យសុទ្ធតែបានថ្លែងទុក រហូតមកដល់គ្រារបស់លោកយ៉ូហាន ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ នោះគឺលោកយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលត្រូវមក។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!
អាន ម៉ាថាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 11:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ