ម៉ាថាយ 10:1-23

ម៉ាថាយ 10:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។ ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។ កុំ​យក​មាស ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ឡើយ កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។ នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។ បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត»។ «មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។ ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។ ប៉ុន្តែ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ កុំ​ខ្វល់​ពី​របៀប ឬ​ពាក្យ​ដែល​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ដ្បិត​អ្វី​ដែល​ត្រូវ​និយាយ ព្រះ​នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ។ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។ បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​នាម​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ នឹង​បាន​សង្គ្រោះ។ ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ សាវ័ក*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេ‌ដេ ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន‌ជាតិ​សាម៉ារី​ដែរ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។ ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ ។ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស‌អសោចិ៍ ហើយ​នឹង​មើល​គ្រប់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​គាត់​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។ ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ​ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ ចូរ​ទៅ​ឯ​ចៀម​បាត់‌បង់​របស់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ​ដែរ បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។ នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្ដី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះវរ‌បិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​បន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 10