ម៉ាថាយ 10:1-23

ម៉ាថាយ 10:1-23 គកស១៦

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។ ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។ កុំ​យក​មាស ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ឡើយ កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។ នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។ បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត»។ «មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។ ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។ ប៉ុន្តែ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ កុំ​ខ្វល់​ពី​របៀប ឬ​ពាក្យ​ដែល​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ដ្បិត​អ្វី​ដែល​ត្រូវ​និយាយ ព្រះ​នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ។ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។ បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​នាម​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ នឹង​បាន​សង្គ្រោះ។ ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។

អាន ម៉ាថាយ 10