ម៉ាឡាគី 2:1-6
ម៉ាឡាគី 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។ មើល៍! យើងនឹងបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ហើយជះលាមកទៅលើមុខអ្នករាល់គ្នា គឺជាលាមកពីតង្វាយយញ្ញបូជារបស់អ្នក ហើយគេនឹងយកអ្នករាល់គ្នាចេញទៅជាមួយនឹងលាមកនោះដែរ។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នកហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងបាននៅជាមួយពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ឯសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេនោះ គឺជាជីវិត និងជាសេចក្ដីសុខដែលយើងបានឲ្យដល់គេ ដើម្បីឲ្យគេកោតខ្លាចយើង ព្រមទាំងភ័យញ័រនៅចំពោះឈ្មោះយើង។ គេមានច្បាប់ពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយយើងដោយសេចក្ដីសុខ និងទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើនចេញពីអំពើទុច្ចរិត។
ម៉ាឡាគី 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពួកបូជាចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ យញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រីដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។ គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។
ម៉ាឡាគី 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺដល់ឯងរាល់គ្នា ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ មើល អញនឹងបំផ្លាញពូជពង្រោះរបស់ឯងទៅ អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង ហើយគេនឹងដឹកឯងចេញទៅជាមួយផង នោះឯងរាល់គ្នានឹងដឹងថា អញបានឲ្យសេចក្ដីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្ដីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាច គេក៏បានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្ដីភ័យញ័រ នៅចំពោះឈ្មោះអញ គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្ដីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្ដីសុខ នឹងសេចក្ដីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្ដីទុច្ចរិត