ម៉ាឡាគី 1:3-8

ម៉ាឡាគី 1:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ស្អប់​អេសាវ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​នៅ​ស្ងាត់​ច្រៀប ក៏​ឲ្យ​មត៌ក​របស់​គេទៅ​ពួក​ឆ្កែ​ព្រៃ​នៅ​ទី​រហោ‌ស្ថាន ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប ភ្នែកអ្នក​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ពោល​ថា "ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ហួស​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត"»។ «កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?" គឺ​អ្នក​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​យើង អ្នក​រាល់​គ្នា​ក៏​ពោល​ថា "តើ​យើង​បាន​បង្អាប់​ព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា តុ​របស់​ព្រះ‌យេហូវ៉ា​គួរ​ឲ្យ​ស្អប់។ ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។ ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។ «ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​បិតា​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​បិតា? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ ព្រះ‌នាម​របស់​ព្រះអង្គ​ត្រង់​ណា?”។ អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សៅហ្មង ត្រង់​ណា?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ! ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន ហើយ​ទោះ​បើ​ពួក​អេដំម គេ​ពោល​ថា យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ គង់​តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់ ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដំកើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។ ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត‌ខ្លាច​ដល់​ចៅហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅហ្វាយ តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើល‌ងាយ​ដល់​ព្រះ‌នាម​ទ្រង់​ឯ​ណា គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​អញ ឯង​រាល់​គ្នា​ក៏​ពោល​ថា តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា តុ​នៃ​ព្រះ‌យេហូវ៉ា​គួរ​មើល‌ងាយ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច នឹង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ចូរ​ជូន​ដល់​ចៅហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ

ចែក​រំលែក
អាន ម៉ាឡាគី 1