លូកា 9:49-62

លូកា 9:49-62 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស​ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះ‌គ្រូ​ដូច​យើង​ខ្ញុំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។ លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះ‌យេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​សម្រេច​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។ ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​ឡើយ ព្រោះ​ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​សិស្ស​ពីរ​នាក់​គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កម្ទេច​អ្នក​ទាំង​នេះ​ឬ?»។ ព្រះ‌យេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។ បន្ទាប់​មក ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស*។ កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ មាន​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ជម្រាប​លា​ក្រុម​គ្រួសារ​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារ‌ប្រយោជន៍​អ្វី​ដល់​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។

ចែក​រំលែក
អាន លូកា 9

លូកា 9:49-62 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យ៉ូហាន​ទូល​ឆ្លើយ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ក្នុង​នាម​លោក​គ្រូ តែ​យើង​ខ្ញុំ​បាន​ឃាត់​គាត់ ដោយ​ព្រោះ​គាត់​មិន​បាន​មក​តាម​ព្រះ‌អង្គ​ជា​មួយ​យើង​ខ្ញុំ​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។ លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។ ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ​របស់​សាសន៍​សាម៉ារី ដើម្បី​រៀបចំ​ថ្វាយ​ព្រះ‌អង្គ។ តែ​អ្នក​ភូមិ​នោះ​មិន​ទទួល​ព្រះ‌អង្គ​ទេ ព្រោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ បែរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?» តែ​ព្រះ‌អង្គ​បែរ​ទៅ ហើយ​បន្ទោស​គេ។ បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ក៏​នាំ​គ្នា​ទៅ​ភូមិ​មួយ​ទៀត។ កាល​គេ​កំពុង​ទៅ​តាម​ផ្លូវ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ទៅ​តាម​ព្រះ‌អង្គ ទោះ​បើ​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សម្បុក​របស់​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «ចូរ​មក​តាម​ខ្ញុំ» អ្នក​នោះ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន»។ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​វិញ»។ មាន​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​តាម​ព្រះ‌អង្គ​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូល‌បង្គំ​សិន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​មើល​ក្រោយ អ្នក​នោះ​មិន​សម​នឹង​ព្រះរាជ្យ​របស់​ព្រះ​ឡើយ»។

ចែក​រំលែក
អាន លូកា 9

លូកា 9:49-62 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូហាន​ទូល​ឆ្លើយ​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ដោយ​ឈ្មោះ​លោក តែ​យើង​ខ្ញុំ​បាន​ឃាត់​ដល់​អ្នក​នោះ ដោយ​ព្រោះ​គេ​មិន​តាម​យើង​រាល់​គ្នា នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។ កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ទ្រង់​ដំរង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀបចំ​ថ្វាយ​ទ្រង់ តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះ‌ភក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម កាល​យ៉ាកុប នឹង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ទ្រង់​មាន​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។

ចែក​រំលែក
អាន លូកា 9