លូកា 9:49-62

លូកា 9:49-62 គកស១៦

យ៉ូហាន​ទូល​ឆ្លើយ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ក្នុង​នាម​លោក​គ្រូ តែ​យើង​ខ្ញុំ​បាន​ឃាត់​គាត់ ដោយ​ព្រោះ​គាត់​មិន​បាន​មក​តាម​ព្រះ‌អង្គ​ជា​មួយ​យើង​ខ្ញុំ​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។ លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។ ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ​របស់​សាសន៍​សាម៉ារី ដើម្បី​រៀបចំ​ថ្វាយ​ព្រះ‌អង្គ។ តែ​អ្នក​ភូមិ​នោះ​មិន​ទទួល​ព្រះ‌អង្គ​ទេ ព្រោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ បែរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?» តែ​ព្រះ‌អង្គ​បែរ​ទៅ ហើយ​បន្ទោស​គេ។ បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ក៏​នាំ​គ្នា​ទៅ​ភូមិ​មួយ​ទៀត។ កាល​គេ​កំពុង​ទៅ​តាម​ផ្លូវ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ទៅ​តាម​ព្រះ‌អង្គ ទោះ​បើ​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សម្បុក​របស់​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «ចូរ​មក​តាម​ខ្ញុំ» អ្នក​នោះ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន»។ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​វិញ»។ មាន​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​តាម​ព្រះ‌អង្គ​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូល‌បង្គំ​សិន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​មើល​ក្រោយ អ្នក​នោះ​មិន​សម​នឹង​ព្រះរាជ្យ​របស់​ព្រះ​ឡើយ»។

អាន លូកា 9