លូកា 9:28-48

លូកា 9:28-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។ ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​ពេត្រុស និង​មិត្ត‌ភក្ដិ​របស់​លោក​សម្រាន្ដ​លង់‌លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះអង្គ។ កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។ កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។ មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះអង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ បន្ទាប់​ពី​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ ពេល​នោះ មាន​បណ្ដា‌ជន​យ៉ាង​ច្រើន​មក​រក​ព្រះអង្គ។ មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ស្រែក រើ‌បម្រះ ប្រកាច់‌ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​ឲ្យ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំ‌គ្រា។ ខ្ញុំ​ប្របាទ​បាន​អង្វរ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។ ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្រាប់​តែ​អារក្ស​ផ្ដួល​វា ធ្វើ​ឲ្យ​វា​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ ព្រះអង្គ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។ មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង​នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។ ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​មិន​ទាន់​សម្តែង​អត្ថ‌ន័យ​ឲ្យ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​នេះ​ឡើយ។ ខណៈ​នោះ ពួក​សិស្ស*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ​នរណា​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​ព្រះអង្គ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។

ចែក​រំលែក
អាន លូកា 9

លូកា 9:28-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​មក ព្រះ‌អង្គ​បាន​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ កាល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន នោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ភ្លឺ​ព្រាត។ ពេល​នោះ ឃើញ​មាន​មនុស្ស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​លោក​អេលី‌យ៉ា កំពុង​តែ​ជជែក​ជា​មួយ​ព្រះ‌អង្គ។ លោក​ទាំង​ពីរ​បាន​លេច​មក​ក្នុង​សិរី​ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូ‌សាឡិម។ ឯ​ពេត្រុស និង​អ្នក​ទាំង​ពីរ​ដែល​នៅ​ជា​មួយ​គាត់ បាន​ដេក​លក់ តែ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ និង​មនុស្ស​ពីរ​នាក់ ដែល​ឈរ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ពេល​លោក​ទាំង​ពីរ​នោះ​កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូវ​ទៅ ពេត្រុស​ទូល​ថា៖ «លោក​គ្រូ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា» ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។ កំពុង​ដែល​ទូល​សេចក្តី​ទាំង​នេះ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ ហើយ​គេ​ក៏​ភ័យ​ខ្លាច ពេល​គេ​ចូល​ទៅ​ក្នុង​ពពក​នោះ។ ពេល​នោះ មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ «នេះ​ជា​កូន​ដែល​យើងបាន​ជ្រើស​រើស ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ»។ ពេល​សំឡេង​នោះ​ចប់ គេ​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​មួយ​អង្គ​ប៉ុណ្ណោះ ពួក​គេ​នៅ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ ពេល​ចុះ​ពី​ភ្នំ​មក​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​ជួប​ព្រះ‌អង្គ។ មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។ វិញ្ញាណ​អាក្រក់​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​ពេញ​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក។ ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ និង​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ»។ ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។ មនុស្ស​ទាំង​អស់​មាន​សេចក្ដី​អស្ចារ្យ​នឹង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ។ ពេល​គ្រប់​គ្នា​កំពុង​តែ​ស្ញប់​ស្ញែង​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក​ហើយ»។ ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ព្រោះ​ជា​ការ​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​សេចក្តី​នោះ​ដែរ។ ខណៈ​នោះ ពួក​សិស្ស​ជជែក​គ្នា ចង់​ដឹង​ថា​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ចំណោម​ពួក​គេ។ ប៉ុន្តែ កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ ព្រះ‌អង្គ​ក៏​យក​ក្មេង​តូច​មួយ​មក​ដាក់​នៅ​ជិត​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ក្នុង​នាម​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​ជាង​គេ»។

ចែក​រំលែក
អាន លូកា 9

លូកា 9:28-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន នឹង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា ដែល​លេច​មក​ក្នុង​សិរី‌ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពេត្រុស នឹង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ នឹង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។ ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់ ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ នឹង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោចិ៍ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។ កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ ប៉ុន្តែ​គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ ខណ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់ រួច​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ

ចែក​រំលែក
អាន លូកា 9