លូកា 9:28-48

លូកា 9:28-48 ពគប

ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន នឹង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា ដែល​លេច​មក​ក្នុង​សិរី‌ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពេត្រុស នឹង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ នឹង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។ ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់ ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ នឹង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោចិ៍ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។ កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ ប៉ុន្តែ​គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ ខណ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់ រួច​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ

អាន លូកា 9