លូកា 8:40-48

លូកា 8:40-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ បណ្តាជន​នាំ​គ្នា​ទទួល​ព្រះ‌អង្គ​ដោយ​អំណរ ដ្បិត​គេ​ទាំង​អស់​គ្នា​កំពុង​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ។ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ហើយ​អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ កំពុង​ឈឺ​ជិត​ស្លាប់។ កាល​ព្រះ‌អង្គ​យាង​ទៅ មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។ ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​ទៅ​លើ​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ពេទ្យ​ណា​មួយ​អាច​មើល​នាង​ជា​បាន​ឡើយ។ នាង​ចូល​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ក៏​ឈប់​ធ្លាក់​មួយ​រំពេច។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ណា​ពាល់​ខ្ញុំ?»។ កាល​គ្រប់​គ្នា​ប្រ‌កែក ពេត្រុស​ទូល​ថា៖ «លោក​គ្រូ បណ្តា‌ជន​កំពុង​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ!»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​ចេញ​ពី​ខ្ញុំ​ទៅ»។ កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ចែក​រំលែក
អាន លូកា 8

លូកា 8:40-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះអង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះអង្គ​គ្រប់ៗ​គ្នា។ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ផ្ទះ​គាត់ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។ ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​ឡើយ។ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះអង្គ​ទេ។ លោក​ពេត្រុស​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។ ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​អំពី​ហេតុ ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះអង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ចែក​រំលែក
អាន លូកា 8

លូកា 8:40-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ នោះ​បណ្តា​មនុស្ស​ក៏​ទទួល​ទ្រង់​ដោយ​អំណរ ដ្បិត​គេ​ទន្ទឹង​មើល​តែ​ផ្លូវ​ទ្រង់​ទាំង​អស់​គ្នា នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់ ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។ ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។

ចែក​រំលែក
អាន លូកា 8