លូកា 8:40-48

លូកា 8:40-48 គកស១៦

កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ បណ្តាជន​នាំ​គ្នា​ទទួល​ព្រះ‌អង្គ​ដោយ​អំណរ ដ្បិត​គេ​ទាំង​អស់​គ្នា​កំពុង​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ។ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ហើយ​អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ កំពុង​ឈឺ​ជិត​ស្លាប់។ កាល​ព្រះ‌អង្គ​យាង​ទៅ មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។ ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​ទៅ​លើ​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ពេទ្យ​ណា​មួយ​អាច​មើល​នាង​ជា​បាន​ឡើយ។ នាង​ចូល​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ក៏​ឈប់​ធ្លាក់​មួយ​រំពេច។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ណា​ពាល់​ខ្ញុំ?»។ កាល​គ្រប់​គ្នា​ប្រ‌កែក ពេត្រុស​ទូល​ថា៖ «លោក​គ្រូ បណ្តា‌ជន​កំពុង​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ!»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​ចេញ​ពី​ខ្ញុំ​ទៅ»។ កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

អាន លូកា 8

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 8:40-48