លូកា 8:22-39

លូកា 8:22-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ ពេល​គេ​កំពុង​ចេញ​ទូក​ទៅ ព្រះ‌អង្គ​ក៏​ផ្ទំ​លក់។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​ចូល​ពេញ​ទូក ហើយ​គេ​ស្ថិត​ក្នុង​ស្ថាន‌ភាព​គ្រោះ​ថ្នាក់។ គេ​ចូល​ទៅ​ដាស់​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! លោកគ្រូ! យើង​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​តើន​ឡើង ហើយ​បន្ទោស​ខ្យល់ និង​រលក​ដែល​កំពុង​បោក​បក់​ជា​ខ្លាំង​នោះ រួច​វា​ក៏​ឈប់ ហើយ​ស្ងប់​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។ បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​មក​ដល់​ស្រុក​គេរ៉ាស៊ីន ដែល​ទល់​មុខ​ស្រុក​កាលីឡេ។ ពេល​ព្រះ‌អង្គ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​ព្រះ‌អង្គ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក​ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច។ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។ ដ្បិត​ព្រះ‌អង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ (ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ។ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទី​រហោស្ថាន)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​ឯង​ឈ្មោះ​អី?» គាត់​ទូល​ថា៖ «កង​ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់។ អារក្ស​ទាំង​នោះ​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បង្គាប់​វា​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ។ នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​បាន​អង្វរ​ព្រះ‌អង្គ សុំ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ។ ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​វា។ អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ធ្លាក់​ទៅ​ក្នុង​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ កាល​ពួក​អ្នក​ថែរក្សា​ជ្រូក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​រត់​គេច ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រុក​ស្រែ។ ពេល​នោះ មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​ទៅ​នោះ កំពុង​អង្គុយ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​ស្លៀក​ពាក់ ដឹង​ខ្លួន​ដូច​ធម្មតា ហើយ​គេ​ក៏​ភ័យ​ខ្លាច។ អស់​អ្នក​ដែល​បាន​ឃើញ ក៏​ប្រាប់​គេ​ពី​របៀប​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា។ ពេល​នោះ មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ាស៊ីន បាន​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួកគេ ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ត្រឡប់​ទៅ​វិញ។ បុរស​ដែល​អារក្ស​បាន​ចេញ​នោះ អង្វរ​សុំ​ឲ្យ​បាន​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ ហើយ​ប្រកាស​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក»។ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់។

ចែក​រំលែក
អាន លូកា 8

លូកា 8:22-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះអង្គ។ ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។ ព្រះ‌យេស៊ូ និង​សិស្ស* បាន​មក​ដល់​ក្រុង​គេរ៉ា‌ស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។ កាល​ព្រះអង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះអង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។ វិញ្ញាណ​អាក្រក់​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់​ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះអង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។ អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះអង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គ។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​ឲ្យ​ជា។ អ្នក​ស្រុក​នៅ​តំបន់​គេរ៉ា‌ស៊ីន​ទាំង​អស់​អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

ចែក​រំលែក
អាន លូកា 8

លូកា 8:22-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង នោះ​ក៏​ចេញ​ទៅ កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់​នឹង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ។ ទ្រង់​នឹង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​គាត់​ថា អ្នក​ឈ្មោះ​អី គាត់​ទូល​ថា ទូលបង្គំ​ឈ្មោះ​«កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់ អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ រួច​មនុស្ស​ទាំង‌ឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះ‌បាទ​ទ្រង់ ទាំង​ស្លៀក‌ពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​គ្រប់​គ្នា ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។

ចែក​រំលែក
អាន លូកា 8