លូកា 8:22-39

លូកា 8:22-39 គកស១៦

ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ ពេល​គេ​កំពុង​ចេញ​ទូក​ទៅ ព្រះ‌អង្គ​ក៏​ផ្ទំ​លក់។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​ចូល​ពេញ​ទូក ហើយ​គេ​ស្ថិត​ក្នុង​ស្ថាន‌ភាព​គ្រោះ​ថ្នាក់។ គេ​ចូល​ទៅ​ដាស់​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! លោកគ្រូ! យើង​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​តើន​ឡើង ហើយ​បន្ទោស​ខ្យល់ និង​រលក​ដែល​កំពុង​បោក​បក់​ជា​ខ្លាំង​នោះ រួច​វា​ក៏​ឈប់ ហើយ​ស្ងប់​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។ បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​បាន​មក​ដល់​ស្រុក​គេរ៉ាស៊ីន ដែល​ទល់​មុខ​ស្រុក​កាលីឡេ។ ពេល​ព្រះ‌អង្គ​យាង​ឡើង​លើ​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​ព្រះ‌អង្គ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក​ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច។ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។ ដ្បិត​ព្រះ‌អង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ (ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ។ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទី​រហោស្ថាន)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​ឯង​ឈ្មោះ​អី?» គាត់​ទូល​ថា៖ «កង​ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់។ អារក្ស​ទាំង​នោះ​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បង្គាប់​វា​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ។ នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​បាន​អង្វរ​ព្រះ‌អង្គ សុំ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ។ ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​វា។ អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ធ្លាក់​ទៅ​ក្នុង​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ កាល​ពួក​អ្នក​ថែរក្សា​ជ្រូក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​រត់​គេច ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រុក​ស្រែ។ ពេល​នោះ មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​ទៅ​នោះ កំពុង​អង្គុយ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​ស្លៀក​ពាក់ ដឹង​ខ្លួន​ដូច​ធម្មតា ហើយ​គេ​ក៏​ភ័យ​ខ្លាច។ អស់​អ្នក​ដែល​បាន​ឃើញ ក៏​ប្រាប់​គេ​ពី​របៀប​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា។ ពេល​នោះ មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ាស៊ីន បាន​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួកគេ ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ត្រឡប់​ទៅ​វិញ។ បុរស​ដែល​អារក្ស​បាន​ចេញ​នោះ អង្វរ​សុំ​ឲ្យ​បាន​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ ហើយ​ប្រកាស​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក»។ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់។

អាន លូកា 8

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 8:22-39