លូកា 7:17-23

លូកា 7:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។ ពួក​សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ហេតុ‌ការណ៍​ទាំង​នេះ។ ដូច្នេះ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​របស់​លោក​ពីរ​នាក់​មក ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?» កាល​អ្នក​ទាំង​ពីរ​នោះ​មក​ជួប​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត"»? នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡីង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។

ចែក​រំលែក
អាន លូកា 7

លូកា 7:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ​បាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។ សិស្ស​របស់​លោក​យ៉ូហាន​បាន​រៀប​រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក រួច​ចាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ មនុស្ស​ពិការ និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ឲ្យ​ជា។ ព្រះអង្គ​ក៏​បាន​ប្រោស​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​មើល​ឃើញ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ ។ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។

ចែក​រំលែក
អាន លូកា 7

លូកា 7:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា នឹង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។ ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា នឹង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

ចែក​រំលែក
អាន លូកា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ