លូកា 6:43-49

លូកា 6:43-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ដើម​ឈើ​ល្អ​មិន​ដែល​មាន​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​ដែល​មាន​ផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​ផ្លែ​របស់​វា។ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា​ឡើយ ក៏​មិន​ដែល​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​អញ្ចាញ​នោះ​ដែរ។ មនុស្ស​ល្អ បង្កើត​ជា​សេចក្តី​ល្អ ចេញ​ពី​កំណប់​ល្អ​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ រីឯ​មនុស្ស​អាក្រក់​វិញ បង្កើត​ជា​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​របស់​ខ្លួ​ន ដ្បិត​មាត់​របស់​គេ​ស្រដី​ចេញ​ពី​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? គ្រប់​គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ហើយ​ស្តាប់​ពាក្យ​ខ្ញុំ រួច​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ជា​មនុស្ស​បែប​ណា អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា ពេល​ទឹក​ជន់​ឡើង ហូរ​គំហុក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រង្គើរ​ឡើយ ព្រោះ​បាន​សង់​យ៉ាង​រឹង​មាំ។ ចំណែក​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ដោយ​គ្មាន​គ្រឹះ។ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះនឹង​ផ្ទះនោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់»។

ចែក​រំលែក
អាន លូកា 6

លូកា 6:43-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​និមួយៗ ដោយ‌សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​អញ្ចាញ​ឡើយ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។

ចែក​រំលែក
អាន លូកា 6

លូកា 6:43-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ​ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន​ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំង‌បាយជូរ​ពី​គុម្ព​បន្លា​ឡើយ។ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់​តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​បាន​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។

ចែក​រំលែក
អាន លូកា 6