លូកា 6:43-49

លូកា 6:43-49 គកស១៦

«ដើម​ឈើ​ល្អ​មិន​ដែល​មាន​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​ដែល​មាន​ផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​ផ្លែ​របស់​វា។ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា​ឡើយ ក៏​មិន​ដែល​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​អញ្ចាញ​នោះ​ដែរ។ មនុស្ស​ល្អ បង្កើត​ជា​សេចក្តី​ល្អ ចេញ​ពី​កំណប់​ល្អ​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ រីឯ​មនុស្ស​អាក្រក់​វិញ បង្កើត​ជា​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​របស់​ខ្លួ​ន ដ្បិត​មាត់​របស់​គេ​ស្រដី​ចេញ​ពី​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? គ្រប់​គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ហើយ​ស្តាប់​ពាក្យ​ខ្ញុំ រួច​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ជា​មនុស្ស​បែប​ណា អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា ពេល​ទឹក​ជន់​ឡើង ហូរ​គំហុក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រង្គើរ​ឡើយ ព្រោះ​បាន​សង់​យ៉ាង​រឹង​មាំ។ ចំណែក​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ដោយ​គ្មាន​គ្រឹះ។ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះនឹង​ផ្ទះនោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់»។

អាន លូកា 6