លូកា 6:1-19
លូកា 6:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ។ ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះយេស៊ូវឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានពីការដែលព្រះបាទដាវីឌ និងពួកអ្នកនៅជាមួយបានធ្វើ នៅពេលឃ្លានទេឬ? ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ យកនំបុ័ងតាំងថ្វាយព្រះទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភាគសោះ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។ នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ ពួកអាចារ្យ និងពួកផារិស៊ីតាមមើលព្រះអង្គ ក្រែងព្រះអង្គប្រោសឲ្យគាត់ជានៅថ្ងៃសប្ប័ទ គឺដើម្បីឲ្យគេបានហេតុនឹងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?» ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ប៉ុន្តែ គេមានចិត្តក្ដៅក្រហាយជាខ្លាំង ហើយពិគ្រោះគ្នាពីការដែលគេអាចធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។ នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។ លុះភ្លឺឡើង ព្រះអង្គត្រាស់ហៅពួកសិស្សមក ហើយជ្រើសយកដប់ពីរនាក់ ពីចំណោមពួកគេ ព្រះអង្គហៅអ្នកទាំងនោះថា សាវក គឺមានស៊ីម៉ូន ដែលហៅថាពេត្រុស អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់អាល់ផាយ ស៊ីម៉ូន ដែលហៅថាអ្នកជាតិនិយម យូដាស ជាកូនរបស់យ៉ាកុប និងយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់។ ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។ គេនាំគ្នាស្តាប់ព្រះអង្គ ហើយដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ ឯអស់អ្នកដែលមានវិញ្ញាណអាក្រក់ធ្វើទុក្ខក៏បានជាដែរ។ មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
លូកា 6:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។ នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ព្រះអង្គអធិស្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស*មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងនោះ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ុស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។ បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឲ្យជាគ្រប់ៗគ្នា។
លូកា 6:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា តើអ្នករាល់គ្នាមិនបានមើលរឿងនេះផងទេឬអី គឺពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លាន ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំបុ័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ ឯពួកអាចារ្យ នឹងពួកផារិស៊ី ក៏សំឡឹងមើល ក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់ តែទ្រង់ស្គាល់គំនិតគេ ក៏មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើងឈរនៅកណ្តាលនុ៎ះទៅ កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អឬអាក្រក់ នឹងសង្គ្រោះជីវិត ឬបំផ្លាញ ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង គេមានសេចក្ដីឃោរឃៅពោរពេញ ក៏ពិគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។ នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ យ៉ាកុប ជាកូនអាល់ផាយ១ ស៊ីម៉ូន ដែលហៅជាអ្នកឧស្សាហ៍១ នឹងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១ ទ្រង់យាងចុះមកជាមួយនឹងអ្នកទាំងនោះ ក៏ឈប់នៅត្រង់កន្លែងរាបស្មើ នោះមានសិស្សទ្រង់ជាច្រើន នឹងបណ្តាជនកកកុញ មកពីគ្រប់កន្លែងនៅស្រុកយូដា ក្រុងយេរូសាឡិម ហើយពីស្រុកទីរ៉ុស ស្រុកស៊ីដូន ដែលនៅក្បែរសមុទ្រ ដើម្បីនឹងស្តាប់ទ្រង់ ហើយប្រយោជន៍ឲ្យបានជាជំងឺគេផង ក៏មានមនុស្សអារក្សអសោចិ៍ចូលបានជាដែរ មនុស្សទាំងអស់រកពាល់ទ្រង់ ដ្បិតមានព្រះចេស្តាចេញពីទ្រង់ មកប្រោសឲ្យជាទាំងអស់គ្នា។