មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ។ ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះយេស៊ូវឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានពីការដែលព្រះបាទដាវីឌ និងពួកអ្នកនៅជាមួយបានធ្វើ នៅពេលឃ្លានទេឬ? ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ យកនំបុ័ងតាំងថ្វាយព្រះទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភាគសោះ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។ នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ ពួកអាចារ្យ និងពួកផារិស៊ីតាមមើលព្រះអង្គ ក្រែងព្រះអង្គប្រោសឲ្យគាត់ជានៅថ្ងៃសប្ប័ទ គឺដើម្បីឲ្យគេបានហេតុនឹងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?» ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ប៉ុន្តែ គេមានចិត្តក្ដៅក្រហាយជាខ្លាំង ហើយពិគ្រោះគ្នាពីការដែលគេអាចធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។ នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។ លុះភ្លឺឡើង ព្រះអង្គត្រាស់ហៅពួកសិស្សមក ហើយជ្រើសយកដប់ពីរនាក់ ពីចំណោមពួកគេ ព្រះអង្គហៅអ្នកទាំងនោះថា សាវក គឺមានស៊ីម៉ូន ដែលហៅថាពេត្រុស អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់អាល់ផាយ ស៊ីម៉ូន ដែលហៅថាអ្នកជាតិនិយម យូដាស ជាកូនរបស់យ៉ាកុប និងយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់។ ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។ គេនាំគ្នាស្តាប់ព្រះអង្គ ហើយដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ ឯអស់អ្នកដែលមានវិញ្ញាណអាក្រក់ធ្វើទុក្ខក៏បានជាដែរ។ មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
អាន លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ