លូកា 5:17-39

លូកា 5:17-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​អា‌ចារ្យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ? បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះអង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ អស់​អ្នក​ដែល​នៅ​ទី​នោះ​ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់​ឈ្មោះ លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត»។ មាន​គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ី* តែងតែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! គេ​មិន​អាច​តម​បាន​ឡើយ។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌បំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។ កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។

ចែក​រំលែក
អាន លូកា 5

លូកា 5:17-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា ហើយ​មើល៍ មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​លើ​គ្រែ​មក។ គេ​ព្យាយាម​នាំ​គាត់​ចូល​មក​ដាក់​នៅ​មុខ​ព្រះ‌យេស៊ូវ តែ​គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ពុំ​បាន​សោះ ដោយ​ព្រោះ​មហាជន។ គេ​ក៏​ឡើង​ទៅ​លើ រើ​ដំបូល​ផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​ស្នែង ចំ​កណ្តាល​ចំណោម​មនុស្ស នៅ​ពី​មុខ​ព្រះ‌យេស៊ូវ។ ពេល​ព្រះ‌អង្គ​ឃើញ​ជំនឿ​របស់​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​អើយ បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ»។ ពេលនោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ‌គិត​គ្នា​ថា៖ «តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ? ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​ថា៖ "បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង?» ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង) ខ្ញុំ​ប្រាប់​អ្នក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ»។ រំពេច​នោះ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ លើក​គ្រែ​ដែល​គាត់​បាន​ដេក ហើយ​ដើរ​ទៅ​ផ្ទះ ទាំង​សរសើរ​តម្កើង​ព្រះ។ គេ​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គេ​សរសើរ​តម្កើង​ព្រះ ទាំង​ចិត្ត​ស្ញប់​ស្ញែង​ជា​ខ្លាំង​ថា៖ «យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ»។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ទុក​អ្វីៗ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ»។ បន្ទាប់​មក គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​តម​អាហារ ហើយ​អធិស្ឋាន​ជា​ញឹក‌ញាប់ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​របស់​លោក បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ តើ​អាច​ឲ្យ​ពួក​ភ្ញៀវ​តម​អាហារ​បាន​ដែរ​ឬ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «គ្មាន​អ្នក​ណា​ហែក​យក​ក្រណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ធ្វើ​ដូច្នេះ​ក្រណាត់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​បំណាស់​ដែល​យក​ពី​ក្រណាត់​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ដែរ។ គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។ ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។ កាល​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​ផឹក​ស្រា​ថ្មី​ទេ ដ្បិត​គេ​ពោល​ថា "ស្រា​ចាស់​ឆ្ងាញ់​ជាង"» ។

ចែក​រំលែក
អាន លូកា 5

លូកា 5:17-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារិស៊ី នឹង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលី‌ឡេ ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់ តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះ‌យេស៊ូវ តាម​ប្រហោង​ដំបូល លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ចាប់​តាំង​រិះ‌គិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​បណ្តើរ នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ​ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។ ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង នឹង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ ខ្ញុំ​មិន​បាន​មក​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។ គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​លោក​តែង‌តែ​បរិភោគ​ដូច្នេះ​វិញ ទ្រង់​មាន​បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ​នៅ​គ្រា​នោះ គេ​នឹង​តម​វិញ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ លុះ​កាល​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។

ចែក​រំលែក
អាន លូកា 5