លូកា 5:17-39

លូកា 5:17-39 គកស១៦

ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា ហើយ​មើល៍ មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​លើ​គ្រែ​មក។ គេ​ព្យាយាម​នាំ​គាត់​ចូល​មក​ដាក់​នៅ​មុខ​ព្រះ‌យេស៊ូវ តែ​គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ពុំ​បាន​សោះ ដោយ​ព្រោះ​មហាជន។ គេ​ក៏​ឡើង​ទៅ​លើ រើ​ដំបូល​ផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​ស្នែង ចំ​កណ្តាល​ចំណោម​មនុស្ស នៅ​ពី​មុខ​ព្រះ‌យេស៊ូវ។ ពេល​ព្រះ‌អង្គ​ឃើញ​ជំនឿ​របស់​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​អើយ បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ»។ ពេលនោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ‌គិត​គ្នា​ថា៖ «តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ? ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​ថា៖ "បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង?» ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង) ខ្ញុំ​ប្រាប់​អ្នក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ»។ រំពេច​នោះ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ លើក​គ្រែ​ដែល​គាត់​បាន​ដេក ហើយ​ដើរ​ទៅ​ផ្ទះ ទាំង​សរសើរ​តម្កើង​ព្រះ។ គេ​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គេ​សរសើរ​តម្កើង​ព្រះ ទាំង​ចិត្ត​ស្ញប់​ស្ញែង​ជា​ខ្លាំង​ថា៖ «យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ»។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ទុក​អ្វីៗ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ»។ បន្ទាប់​មក គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​តម​អាហារ ហើយ​អធិស្ឋាន​ជា​ញឹក‌ញាប់ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​របស់​លោក បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ តើ​អាច​ឲ្យ​ពួក​ភ្ញៀវ​តម​អាហារ​បាន​ដែរ​ឬ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «គ្មាន​អ្នក​ណា​ហែក​យក​ក្រណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ធ្វើ​ដូច្នេះ​ក្រណាត់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​បំណាស់​ដែល​យក​ពី​ក្រណាត់​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ដែរ។ គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។ ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។ កាល​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​ផឹក​ស្រា​ថ្មី​ទេ ដ្បិត​គេ​ពោល​ថា "ស្រា​ចាស់​ឆ្ងាញ់​ជាង"» ។

អាន លូកា 5